ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន បានរួមចំណែកបរិច្ចាគថវិកាចំនួន ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ទៅកាន់មន្ទីរពេទ្យកុមារអង្គរ (AHC)។ ការបរិច្ចាគនេះបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការជួយសង្រ្គោះកុមារនៅកម្ពុជា។ យើងបានគាំទ្រមន្ទីរពេទ្យចាប់តាំងពីឆ្នាំ២០២១ មកម៉្លេះ ដោយកន្លងមកធ្លាប់បានធ្វើការបរិច្ចាគថវិកា គាំទ្រដល់ការសាងសង់កន្លែងលេងសម្រាប់កុមារ និងផ្តល់ជំនួយក្នុងអំឡុងពេលកូវីដ-១៩។
កម្មវិធីប្រគល់មូលនិធិសប្បុរសធម៌ត្រូវបានរៀបចំឡើង នៅមន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងវត្តមានដ៏ពិសេសរបស់លោក Brett Clark អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ប្រចាំនៅតំបន់អាសុីប៉ាស៊ីហ្វិក, លោក Abe Yuichiro អគ្គនាយករងប្រតិបត្តិ និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃដាយ អុិឈិ ឡាយហ្វ៍ អាសុីប៉ាសុីហ្វិក, លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា, លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្ត្រា នាយកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យ AHC, សមាជិកក្រុមប្រឹក្សាភិបាលរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា និងគណៈគ្រប់គ្រងមកពីស្ថាប័នទាំងពីរ។
ក្នុងរយៈពេល១ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការថែទាំ និងសង្គ្រោះជីវិតកុមារជាង ១០ម៉ឺននាក់ ដោយឥតគិតថ្លៃ ហើយមានអ្នកជំងឺជាមធ្យមប្រមាណ ៣00-៤00នាក់ជារៀងរាល់ថ្ងៃដែលត្រូវការការព្យាបាល។ ក្នុងការទ្រទ្រង់សេវាកម្មសំខាន់ៗ និងប្រតិបត្តិការប្រចាំថ្ងៃ មន្ទីរពេទ្យកុមារអង្គរ បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិការសម្រាប់ឆ្នាំ២០២៥។ យុទ្ធនាការនេះចាប់ផ្តើមជាមួយនឹងកម្មវិធីដំបូងគឺកម្មវិធី «ជួបជាមួយស្ថាបនិក AHC» ដែលមានការចូលរួមពីស្ថាបនិកជនជាតិជប៉ុនគឺលោក Kenro Izu។ យើងក៏បានបរិច្ចាគថវិកាក្នុងថ្ងៃតែមួយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តគាំទ្រយុទ្ធនាការរបស់មន្ទីរពេទ្យ។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា «ក្នុងនាមជាឪពុកមួយរូប ខ្ញុំយល់យ៉ាងច្បាស់អំពីសារសំខាន់សម្រាប់កុមារក្នុងការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព និងសុវត្ថិភាព។ ខ្ញុំសូមកោតសរសើរដល់ មន្ទីរពេទ្យកុមារអង្គរ ដែលបានបង្កើតការផ្លាស់ប្តូរតាមរយៈការជួយសង្គ្រោះកុមារដែលត្រូវការជំនួយ។ ដាយ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាគាំទ្រ មន្ទីរពេទ្យកុមារអង្គរ ដែលរួមចំណែកយ៉ាងសំខាន់ដល់អនាគតក្មេងជំនាន់ក្រោយ។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់ ដាយ អុិឈិ ឡាយហ្វ៍ និងកិច្ចសហការយូរអង្វែង ដើម្បីគាំទ្រដល់សហគមន៍ដែលយើងធ្វើអាជីវកម្ម»។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យកុមារអង្គរ បានសម្តែងនូវក្ដីអំណរ ដោយលោកបានមានប្រសាសន៍ថា «យើងរីករាយដែលបានទទួលស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនដាយ អុិឈិ ឡាយហ្វ៍ មកកាន់មន្ទីរពេទ្យសារជាថ្មីម្តងទៀត រាប់តាំងពីឆ្នាំ២០២១មក។ មន្ទីរពេទ្យយើង នៅតែបន្តខិតខំបំពេញបេសកកម្ម ដោយផ្ដល់នូវសេវាថែទាំសុខភាពសម្រាប់កុមារគ្រប់រូបឱ្យកាន់តែប្រសើរឡើង និងមិនរើសអើងកុមារណាមួយឡើយ។ការបរិច្ចាគ នេះគឺជាកម្លាំងចិត្តយ៉ាងធំធេងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យក្នុងការផ្តល់សេវាថែទាំសង្គ្រោះជីវិត និងព្យាបាលកុមារដែលត្រូវការជំនួយបំផុត។»
ចុចទីនេះ ដើម្បីចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរឥឡូវនេះ។





