Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើនកិច្ចសហការរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងជំរុញដល់យុវជន និងអាជីវកម្ម ឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ភាពជោគជ័យរយៈពេលវែង។

កិច្ចសហការនេះពឹងផ្អែកលើបទពិសោធន៍ជាង២០ឆ្នាំរបស់ CJCC ក្នុងការផ្លាស់ប្តូរវប្បធម៌ និងគាំទ្រដល់វិស័យអប់រំ រួមជាមួយនឹងបទពិសោធន៍ជាង១២២ឆ្នាំរបស់ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន។​ ដាយ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ CJCC តាមរយៈ៖

  • កម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដោយគាំទ្រយុវជន និងអាជីវកម្មឱ្យយល់ដឹងពីការការពារហិរញ្ញវត្ថុ និងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។
  • ការបណ្តុះបណ្តាលជំនាញអាជីវកម្មស្របតាមស្តង់ដារជប៉ុន ដោយផ្តល់ការបណ្តុះបណ្តាលឯកទេសដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រាប់កំណើនអាជីវកម្មប្រកបដោយចីរភាព។
  • កម្មវិធីផ្លាស់ប្តូរវប្បធម៌ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន តាមរយៈការអប់រំភាសាជប៉ុន ជំនាញធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ជាច្រើនប្រចាំឆ្នាំ។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា «ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងនាមជាស្ថាប័នជប៉ុនចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយការជំរុញកម្លាំងពលកម្មដែលមានជំនាញ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់។ យើងមានមោទនភាពគាំទ្រកម្មវិធីអប់រំផ្សេងៗរបស់ CJCC និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ តាមរយៈកម្មវិធីវប្បធម៌ជាច្រើន ដែលនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-​ជប៉ុន និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពរីកចម្រើនរយៈពេលវែង។»

លោកបណ្ឌិត ឃឹម លាង នាយក នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបន្ថែមថា «យើងរំភើបរីករាយក្នុងការពង្រីកការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលគាំទ្រដោយ ដាយ អុិឈិ ឡាយហ្វ៍។ គោលដៅមួយរបស់យើងគឺដើម្បីផ្តល់ឱ្យយុវជន និងអាជីវកម្មនូវចំណេះដឹងហិរញ្ញវត្ថុដែលពួកគេត្រូវការ ដើម្បីកសាងអនាគតហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។ តាមរយៈការច្របាច់បញ្ចូលគ្នានូវបទពិសោធន៍របស់ CJCC ពាក់ព័ន្ធនឹងការអប់រំ ជាមួយនឹងជំនាញផ្នែកហិរញ្ញវត្ថុរបស់ ដាយ អុិឈិ ឡាយហ្វ៍ យើងអាចបង្កើតការផ្លាស់ប្តូរកាន់តែប្រសើរសម្រាប់សហគមន៍នៅកម្ពុជា និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។»