Dai-ichi Life Insurance (Cambodia) PLC.

Dai-ichi Life Insurance (Cambodia) PLC.

...
   

ភ្នំពេញ ថ្ងៃទី០៥​ ខែធ្នូ ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី បានរៀបចំកម្មវិធីគម្រប់ខួប០១ឆ្នាំនៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរដល់សមិទ្ធផលសម្រេចបាននៅក្នុងឆ្នាំ២០២២ និងដើម្បីរៀបចំផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៣ខាងមុខ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ  រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់មកពីក្រុមហ៊ុនទាំងពីរ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មដៃគូ និងអ្នក​ប្រឹក្សាផែនការហិរញ្ញវត្ថុផងដែរ។

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖“កិច្ចសហការអាជីវកម្មរបស់យើងសម្រាប់ឆ្នាំដំបូង ប្រព្រឹត្តទៅយ៉ាងល្អ និងរលូន។ យើងបានផ្តល់ការការពារអាយុជីវិត និងផែនការសន្សំរយៈពេលវែងជូនដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាច្រើនគ្រួសារ។ នេះ គឺជា​ឱកាសដ៏អស្ចារដែលយើងបានជួបជុំគ្នាដើម្បីប្រារព្ធនូវសមិទ្ធិផល ពួកយើងរួមគ្នាសម្រេចបាន និងឈានទៅរៀបចំផែនការសម្រាប់ឆ្នាំខាងមុខទៀត។”

នៅចុងឆ្នាំ២០២១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានប្រកាសអំពីភាពជាដៃគូរយៈពេលយូរអង្វែង ដើម្បីផ្តល់ការការពារ និងសន្សំដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះនឹងពង្រីកលទ្ធភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជាដើម្បីទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិមកពីប្រទេសជប៉ុន។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា៖“លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា៖“សមិទ្ធផលដែលយើងសម្រេចបានលើកិច្ចសហការធ្វើអាជីវកម្មប៊ែងកាសួរេន (Bancassurance) ក្នុងឆ្នាំដំបូងនេះ ពិតជាទទួលបានគាប់ប្រសើរ។ យើងពិតជារីករាយដែលបានដឹងថា អតិថិជនរបស់ អេ អឹម ខេ ជាច្រើនទទួលបាននូវសេវាធានារ៉ាប់រង ហើយវាក៏ជាផ្នែកមួយនៃការការពារផ្នែកហិរញ្ញវត្ថុ និងជួយកាត់បន្ថយនូវការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុនាពេលអនាគតសម្រាប់អតិថិជនយើងនិងក្រុមគ្រួសាររបស់ពួកគាត់។ យើងនឹងខិតខំព្យាយាម ពង្រីកវិសាលភាពប្រតិបត្តិការ និងការការពារផ្នែកហិរញ្ញវត្ថុនៅឆ្នាំបន្ដបន្ទាប់ទៀត ដើម្បីប្រាកដថាប្រជាពលរដ្ឋទាំងអស់ទទួលបានភាពស្មើៗគ្នាស្របតាមចក្ខុវិស័យរបស់យើង”។

អំពី ដាយ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ​ អ៊ិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រ   សម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ភាពស្ងប់ចិត្ត ក្រោមទស្សនៈរបស់យើង អតិថិជនជាចម្បង។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១ លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០ លានដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀរវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក-ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមប្រព័ន្ធ QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។