ខេត្តបាត់ដំបង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ - ថ្ងៃនេះ តំណាងក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បាននាំយកនូវសម្ភារៈសុវត្ថិភាពសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជា អាល់កុលចំនួន១២០លីត្រ ម៉ាស់ចំនួន០២កេះធំ ឧបករណ៍ វ៉ាស់កំដៅចំនួន១០ គ្រឿង និងអាវភ្លៀងចំនួន៣០ ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបងសម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ពិធីនេះរៀបចំឡើងក្នុងបរិវេណសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
ក្រៅពីនេះ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក៏បាននាំយកនូវសម្ភារៈសុវត្ថិភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជា អាល់កុលចំនួន១៨០លីត្រ ម៉ាស់ចំនួន០៣កេះធំ ឧបករណ៍វ៉ាស់កំដៅចំនួន០៦គ្រឿង និងសៀវភៅសរសេរ ចំនួន៩០០ក្បាល ដើម្បីប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារដ្ឋចំនួន០៣នៅក្នុងក្រុងបាត់ដំបង។ សាលាទាំង០៣នោះរួមមាន អនុវិទ្យាល័យសោហឺ អនុវិទ្យាល័យអូរតាគី និងវិទ្យាល័យមុនីវង្សផងដែរ។
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារ ភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។