Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

   

ដាយ អុិឈិ ឡាយហ្វ៍ និង «រត់ជាមួយសាយ» បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) និងប្រកាសជាផ្លូវការ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ ​អុិឈិ ឡាយហ្វ៍ ក្នុងនាមជាដៃគូឧបត្ថម្ភផ្តាច់មុខនៃកម្មវិធី «រត់ដោយបេះដូង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ហើយមានគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍តាមរយៈការរត់កីឡា និងរៃអង្គាសថវិកាចាំបាច់សម្រាប់សាលារៀនទន្សាយ ជាស្ថាប័នឯកទេស​ទ្រទ្រង់កុមារអូទីស្សឹម។

ថ្ងៃនេះ​ក៏ជាការប្រកាសជាផ្លូវការនៃកម្មវិធី «រត់ដោយបេះដូង» ផងដែរ។ ​កម្មវិធីរត់នេះមានភាពបត់បែនសម្រាប់អ្នកចូលរួម ដោយមានទាំងជម្រើសរត់ពីចម្ងាយ និងរត់ដោយផ្ទាល់នៅក្នុងថ្ងៃកម្មវិធី។ សម្រាប់អ្នកជ្រើសរើសរត់ពីចម្ងាយ ពួកគាត់អាចផ្ញើកំណត់ត្រារត់ទៅកាន់គណៈកម្មការរៀបចំកម្មវិធី ហើយអាចទៅយកមេដាយរត់ នៅថ្ងៃព្រឹត្តិការណ៍ធំ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ មិនថាលោកអ្នកចូលរួមរត់ដោយផ្ទាល់ ឬពីចម្ងាយ ថវិកាទាំងអស់ពីការចុះឈ្មោះសុទ្ធតែត្រូវបានបរិច្ចាគទៅកាន់សាលារៀនទន្សាយ។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងរំភើបរីករាយដែលបានក្លាយជាដៃគូឧបត្ថម្ភផ្តាច់មុខរបស់កម្មវិធី រត់ដោយបេះដូង។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងក្នុងការគាំទ្រសហគមន៍នៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងជួយរៃអង្គាសថវិកាទ្រទ្រង់ដល់កុមារអូទីស្សឹម ក៏ដូចជាបង្កើនការផ្សព្វផ្សាយអំពីជំងឺអូទីស្សឹម និងជំរុញសហគមន៍នៅកម្ពុជាឱ្យកាន់តែមានបរិយាបន្ន ដោយធានាថាកុមារគ្រប់រូបទទួលបានការផ្តល់តម្លៃ និងការគាំទ្រដែលពួកគេត្រូវការ។ យើងពិតជាមានកិត្តិយសដែលបានធ្វើការរួមគ្នាជាមួយ សាយ និងគាំទ្រដល់បេសកម្មដ៏សំខាន់របស់សាលាទន្សាយនៅកម្ពុជា»។

ការគាំទ្រនេះបង្ហាញកាន់តែច្បាស់ពីគោលបំណងរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការ «សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព» ក៏ដូចជាផ្សាភ្ជាប់ទៅនឹងតម្លៃស្នូលមួយរបស់ខ្លួន ដែល​ផ្តោតលើការយកចិត្តទុកដាក់ចំពោះសហគមន៍។ ភាពជាដៃគូនេះគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការគាំទ្រសហគមន៍ និងជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះ។

លោក អ៊ួន បឋម (ហៅ សាយ) ស្ថាបនិក «រត់ជាមួយសាយ» បានបន្ថែមថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធី រត់ដោយបេះដូង។ យើងមានមោទនភាពដែលបានចាប់ដៃគូជាមួយ ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តដូចគ្នាទៅនឹងបេសកកម្មរបស់យើង គឺការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កុមារអូទីស្សឹមនៅសាលារៀនទន្សាយ។ រួមគ្នា យើងអាចជំរុញបង្កើតអនាគតកាន់តែភ្លឺស្វាងសម្រាប់កុមារអូទីស្សឹមនៅកម្ពុជា។»

កម្មវិធី «រត់ដោយបេះដូង» ជាយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ឱ្យសាធារណៈជនរួមចំណែកជួយដល់សង្គម ដោយធានាថាកុមារអូទីស្សឹមត្រូវបានសង្គមទទួលស្គាល់ ផ្តល់តម្លៃ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ កាលពីឆ្នាំ២០២៤ កម្មវិធីរត់ដោយបេះដូងមានអ្នកចូលរួមប្រមាណជិត៥០០នាក់។ ហើយបច្ចុប្បន្ននេះដែរ ការយល់ដឹងអំពីជំងឺអូទីស្សឹមនៅកម្ពុជាកាន់តែមានភាពទូលំទូលាយ ដែលសហការីរៀបចំកម្មវិធីជឿជាក់ថា​ ព្រឹត្តិការណ៍រត់នាឆ្នាំនេះ នឹងបង្កើតការផ្លាស់ប្តូរកាន់តែប្រសើរសម្រាប់សាលាទន្សាយ ក៏ដូចជាកុមារអូទីស្សឹមនៅកម្ពុជា។

ចូលរួមរត់ទាំងអស់គ្នា ដើម្បីអនាគតកុមារអូទីស្សឹមនៅកម្ពុជា!

  • ទាក់ទងសម្រាប់ព័ត៌មានបន្ថែម៖ 098 530 104 / 081 800 900 (តេឡេក្រាម)