Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦៖ កម្មវិធី «រត់ដោយបេះដូង» ឆ្នាំ២០២៦ បានត្រឡប់មកសារជាថ្មី ដែលបងប្អូននៅក្នុងសហគមន៍បានមកជួបជុំរត់នៅពហុកីឡដ្ឋានជាតិអូឡាពិក ដើម្បីគាំទ្រកុមារមានតម្រូវការពិសេសមកពីសាលាទន្សាយ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមការងារ «រត់ជាមួយសាយ» និងគាំទ្រយ៉ាងពេញទំហឹងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ជាអ្នកឧបត្ថម្ភផ្តាច់មុខកម្មវិធីរត់ដោយបេះដូងរយៈពេល២ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមដ៏មានន័យនេះ ដោយបានរួមចំណែករៃអង្គាសថវិកាចាំបាច់ជូនអង្គការសាលារៀនទន្សាយ ក៏ដូចជាជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីកុមារមានតម្រូវការពិសេសនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីរត់ដោយបេះដូងមានកិត្តិយសដោយមានវត្តមានដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ លោក អ៊ួន បឋម (ហៅ សាយ) ស្ថាបនិករត់ជាមួយសាយ  លោកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិនៃអង្គការសាលារៀនទន្សាយ និងមានបងប្អូនសាធារណជនជាច្រើនចូលរួមគាំទ្រ។

លោក Mah Kin Yoong បានមានប្រសាសន៍ថា៖ «កម្មវិធីរត់ដោយបេះដូងពិសេស និងខុសប្លែកពីកម្មវិធីរត់ទូទៅត្រង់ថា យើងមិនគិតពីល្បឿននោះទេ ប៉ុន្តែធ្វើយ៉ាងណាត្រូវជួយប្អូនៗកុមាររត់ឱ្យដល់ទីទាំងអស់គ្នា។​ ការរត់បែបនេះរំឭកយើងពីជីវិតរស់នៅក្នុងសង្គមជាក់ស្តែង​​ ដែលប្អូនៗត្រូវការយើងទាំងអស់គ្នាគាំទ្រពួកគាត់ និងត្រូវធានាថាយើងមិនទុកកុមារម្នាក់ណាចោលឡើយ។»

លោក អ៊ួន បឋម (ហៅសាយ) បានបន្ថែមថា៖ «ខ្ញុំពិតជារំភើបពេលបានឃើញប្អូនៗកុមាររត់ជាមួយអ្នកគាំទ្ររបស់គាត់។ ការជម្រុញសង្គមមួយឱ្យកាន់តែមានបរិយាបន្ន គឺចាប់ផ្តើមពីសកម្មភាពបែបនេះ ហើយវាចាប់ផ្តើមពីយើងទាំងអស់គ្នា។ ​ក្រុមការងារសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកចូលរួមទាំងអស់ដែលបានរួមចំណែកគាំទ្រកម្មវិធីរត់ដោយបេះដូងឆ្នាំ២០២៦។​

តាមរយៈការគាំទ្ររបស់អ្នកចូលរួម និងម្ចាស់ជំនួយ កម្មវិធីរត់ដោយបេះដូងឆ្នាំ២០២៦​ រៃអង្គាសថវិកាសរុបចំនួន ១៥,១៣៣.១៩ ដុល្លារ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីគាំទ្រដល់សាលាទន្សាយក្នុងការផ្តល់កម្មវិធីអប់រំពិសេស សម្រាប់ប្អូនៗកុមារមានតម្រូវការពិសេស ដូចជាកុមារអូទីស្សឹម។

ក្រៅពីរៃអង្គាសថវិកា កម្មវិធីរត់ដោយបេះដូង​ក៏បានរួមចំណែកផ្សព្វផ្សាយ និងជម្រុញបង្កើតសហគមន៍មួយកាន់តែមានបរិយាបន្ន ដែលប្អូនៗទាំងអស់ទទួលបានការផ្តល់តម្លៃ និងគាំទ្រយ៉ាងពេញលេញ។