Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមកពីប្រទេសជប៉ុន មានមោទនភាព អបអរខួប ៥ឆ្នាំក្នុងការផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុដល់សហគមន៍នៅកម្ពុជា ក្រោមប្រធានបទ «ធានាសុវត្ថិភាពគ្រួសារនៅកម្ពុជា៖ ការច្នៃប្រឌិតថ្មី ដើម្បីការពារសម្រាប់ពេលអនាគត»។

កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសចូលរួមដោយ ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Hitoshi Yamaguchi ដែលជា Representative Director, Senior Managing Executive Officer, Group Head, International Life Insurance Business និង Chief General Manager នៃដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក លោក Abe Yuichiro អគ្គនាយករងប្រតិបត្តិ និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា និងក្រុមប្រឹក្សាភិបាលមកពីទូទាំងសម្ព័ន្ធក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប។

តាំងពីចាប់ផ្តើមប្រតិបត្តិការមក ដាយ អុិឈិ ឡាយហ្វ៍ នៅតែបន្តប្តេជ្ញាចិត្តផ្តល់ការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អនាគតគ្រួសារនៅកម្ពុជា។ តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតដ៏ទូលំទូលាយ ដាយ អុិឈិ ឡាយហ្វ៍ បានផ្តល់ការការពារជូនអតិថិជនជាង ២ម៉ឺននាក់កន្លងមក ដោយជួយធានាបាននូវសេចក្តីស្ងប់ចិត្តនៅពេលមានរឿងអកុសលណាមួយកើតទ្បើង។

រយៈពេល៥ឆ្នាំកន្លងមកនេះ ដាយ អុិឈិ ឡាយហ្វ៍ បានផ្តល់សំណង និងអត្ថប្រយោជន៍បន្ថែមត្រឡប់ទៅអតិថិជនវិញគិតជាទឹកប្រាក់សរុបជាង ៤៥ម៉ឺនដុល្លាអាមេរិក ដែលនេះឆ្លុះបញ្ចាំងអំពីការតាំងចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងការបំពេញតាមការសន្យារបស់ខ្លួនចំពោះអតិថិជន។ ដាយ អុិឈិ ឡាយហ្វ៍ ក៏បានបង្កើតបណ្តាញនៃ ភ្នាក់ងារធានារ៉ាប់រងអាជីពជាង ៥០០នាក់ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញទាំងពេញម៉ោង និងក្រៅម៉ោង កម្រិតស្តង់ដាជប៉ុន ដែលអាចឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយអំពីអាជីពជាភ្នាក់ងារធានារ៉ាប់រងនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖ «យើងរីករាយដែលបានឃើញ ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនយ៉ាងលឿនមួយនៅកម្ពុជា បានរួមចំណែកដល់ភាពរីកចម្រើននៃវិស័យមួយនេះ និងជួយបង្កើនអត្រាភាគទាននៃវិស័យធានារ៉ាប់រងនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ក្នុងនាមជានិយ័តករធានារ៉ាប់រង យើងនឹងបន្តធានានូវបរិយាកាសដ៏សមប្រកបមួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនមានឱកាសរីកចម្រើនទៅមុខទៀត និងផ្តល់ការការពារបន្ថែមសម្រាប់គ្រួសារនៅកម្ពុជា»។

ដំណើរដ៏រីកចម្រើនរបស់ ដាយ អុិឈិ ឡាយហ្វ៍ នឹងមិនអាចទៅរួចឡើយ ប្រសិនបើមិនមានការខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ដៃគូ និងភាគីពាក់ព័ន្ធផ្សេងៗ។ យើងក៏បានទទួលស្គាល់ និងថ្លែងអំណរគុណដល់ការគាំទ្រដ៏មានតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដៃគូធនាគារ ក្រុមការងារ ហើយលើសពីនេះទៅទៀត គឺអតិថិជន។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទី នៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា​ បានមានប្រសាសន៍ថា៖ ​  «កាលពី៥ឆ្នាំមុន យើងបានចាប់ផ្តើមនៅប្រទេសកម្ពុជា ដោយបេសកកម្មរបស់យើងគឺ នៅក្បែរគ្រួសារកម្ពុជាជានិច្ច។ សព្វថ្ងៃនេះ យើងមិនត្រឹមតែបានផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនជាង ២ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជម្រុញបង្កើតភ្នាក់ងារធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាច្នៃប្រឌិតនូវផលិតផល និងសេវាកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការកើនទ្បើងរបស់អតិថិជននៅកម្ពុជា។ ​នេះជាឥទ្ធិពលនៃកិច្ចសហប្រតិបត្តិ ហើយរួមគ្នាជាមួយក្រុមការងារ និងដៃគូរបស់យើង យើងនឹងបន្តជួយគ្រួសារនៅកម្ពុជាឱ្យទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ និងរស់នៅប្រកបដោយភាពស្ងប់ចិត្ត»។

ជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ «នៅក្បែរអ្នកជានិច្ច» ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាបន្តនាំយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតបន្ថែមទៀតមកកាន់ទីផ្សារនៅកម្ពុជា។ ក្នុងឱកាសខួប៥ឆ្នាំនេះ ដាយ អុិឈិ ឡាយហ្វ៍ ក៏បានដាក់ចេញនូវផលិតផលថ្មីមួយឈ្មោះថា EASYCare ក្នុងបំណងផ្តល់ភាពងាយស្រួលបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានធានារ៉ាប់រងអាយុជីវិត។

គម្រោងធានារ៉ាប់រងអាយុជីវិតថ្មីនេះ ងាយស្រួល និងរហ័សក្នុងការទិញ ដោយមិនតម្រូវឱ្យមានការពិនិត្យសុខ ភាពមុនទិញ។ អតិថិជនអាចទទួលបានការការពាររហូតដល់ ២ម៉ឺន៥ពាន់ដុល្លាសហរដ្ឋអាមេរិក ​នៅពេលមានរឿងអកុសលណាមួយកើតទ្បើងជាយថាហេតុ ដែលរួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរ និងប្រាក់សន្សំសម្រាប់ពេលអនាគត។ ជាមួយគម្រោង EASYCare អតិថិជន​អាចរស់នៅប្រកបដោយភាពស្ងប់ចិត្តក្នុងរយៈពេលវែង ហើយចំណាយថវិកាកាន់តែតិចជាងមុន។