ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន មានក្តីរំភើបដែលបានក្លាយជាអ្នកឧបត្ថម្ភធំ (Gold Sponsor) សម្រាប់ទិវាធានារ៉ាប់រងកម្ពុជាឆ្នាំ២០២៤ ដែលធ្វើឡើងកាលពីថ្ងៃទី ២៧-២៨ ខែកក្កដា នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនមានបំណងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) និង សមាគមធានារ៉ាប់រងកម្ពុជា (IAC) ក្នុងការបង្កើនការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃធានារ៉ាប់រងក្នុងការការពារសុខុមាលភាពហិរញ្ញវត្ថុ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ហើយបានបើកឱកាសឱ្យសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ ហើយបានស្វែងយល់ពីសេវាកម្មហិរញ្ញវត្ថុដ៏ចម្រុះ តាមរយៈសិក្ខាសាលាចែករំលែកការយល់ដឹង ស្តង់ពិព័ណ៌របស់ក្រុមហ៊ុនមកពីវិស័យហិរញ្ញវត្ថុ ការលេងហ្គេមសប្បាយៗ និងមានសកម្មភាពជាច្រើនទៀត។ ដាយ អុិឈិ ឡាយហ្វ៍ ក៏បានផ្តល់ការប្រឹក្សាអំពី ការរៀបចំផែនការហិរញ្ញវត្ថុដល់អ្នកចូលរួម ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យធានាបាននូវសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ។ កម្មវិធីបែបនេះ ពិតជាសំខាន់ក្នុងការដោះស្រាយបញ្ហាគម្លាតនៃអក្ខរកម្មហិរញ្ញវត្ថុ និងលើកទឹកចិត្តអតិថិជនកាន់តែច្រើន ឱ្យជ្រើសយកការការហិរញ្ញវត្ថុដែលស័ក្តសមបំផុតសម្រាប់ការពារអនាគតគ្រួសារ។
ក្រុមការងារ ដាយ អុិឈិ ឡាយហ្វ៍ ក៏បានចូលរួមក្នុងការរត់សប្បុរសធម៌ «រត់ ដើម្បីជីវិត» ផងដែរ ដែលជាកិច្ចចាប់ផ្តើមនៃព្រឹត្តិការណ៍ទាំងមូល ហើយមានអ្នកចូលរួមសរុបជាង ២០០នាក់មកពីវិស័យធានារ៉ាប់រង។ កម្មវិធីរត់នេះ មានគោលបំណងជំរុញឱ្យ មានការប្តេជ្ញាចិត្តរួមគ្នាចំពោះសុខភាពនៅក្នុងសហគមន៍ និងដើម្បីប្រមូលថវិការជូនកាកបាទក្រហមកម្ពុជា។
ជាផ្នែកមួយនៃការចូលរួមក្នុងទិវាធានារ៉ាប់រង យើងក៏បានឆ្លៀតឱកាសបរិច្ចាគនូវអាហារចាំបាច់ ដល់អង្គការម្លប់តាប៉ាង ជាអង្គការមិនរកប្រាក់ចំណូលដែលគាំទ្រដល់សហគមន៍ងាយរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។ ក្រុមការងារធ្លាប់បានធ្វើការបរិច្ចាគកាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ រួចមកហើយ ដែលការបន្តបរិច្ចាគនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ដើម្បីគាំទ្រសុខុមាលភាពរបស់សហគមន៍។