ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

ក្រុមហ៊ុន​ ដាយ​ អុិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី  ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២ - ថ្ងៃនេះ  ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានប្រកាសអំពីភាពជាដៃគូរយៈពេលយូរអង្វែង ដើម្បីផ្តល់ការការពារ និងសន្សំដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ នឹងពង្រីកលទ្ធភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជាដើម្បីទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិមកពីប្រទេសជប៉ុន។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា “កិច្ចសហការធ្វើអាជីវកម្មប៊ែងកាសួរេន (Bancassurance) នេះនឹងធ្វើឲ្យ អេ​ អឹម ខេ ខិតទៅជិតអតិថិជនមួយជំហានទៀត តាមរយៈការផ្ដល់ប្រឹក្សាដោយឥតគិតថ្លៃសម្រាប់សេវាកម្មធានារ៉ាប់រងអាយុជីវិត ទៅឲ្យអតិថិជនសន្សំ កម្ចី ភ្នាក់ងារ និងអតិថិជនផ្សេងៗ ដោយនឹងចាប់ផ្ដើមនៅទីតាំងចំនួន ៥០សាខា ​នៅក្នុងឆ្នាំ​២០២១ និងតាមបណ្ដាសាខាផ្សេងទៀតនៅឆ្នាំបន្តបន្ទាប់ជាមួយដៃគូដែលជាក្រុមហ៊ុនធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈខ្ពស់។ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់ឱកាសឲ្យ អេ អឹម ខេ ពង្រីក និងពង្រឹងសេវាកម្ម និងផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ដល់អតិថិជនទាំងអស់តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុមួយដ៏ច្បាស់លាស់ដើម្បីបញ្ចៀសហានិភ័យដែលនឹងកើតមានឡើងដោយយថាហេតុនៅក្នុងជីវភាពប្រចំាថ្ងៃ។ អេ អឹម ខេ តែងតែជ្រើសរើសការចូលរួមបេសកកម្មជាមួយដៃគូដែលមានកិត្តិនាម និងគុណភាពដូចជា ក្រុមហ៊ុនធានារ៉ាប់រង ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនល្បី និងនាំមុខគេមួយនៅប្រទេសជប៉ុនមានអាយុកាលជាង១២០ឆ្នាំ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុននេះ​កំពុងតែផ្ត​ល់សេវាកម្មធានារ៉ាប់រងអាយុជីវិតជូនអតិថិជនជាង៦៥លាននាក់នៅលើសាកលលោក។”

លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា​ ” យើងមានក្តីរំភើបចំពោះភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ យើងមានគោលដៅរួមមួយមួយក្នុងការនាំយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពនិងតម្លៃសមរម្យជូនទៅដល់អតិថិជន អេ អឹម ខេ តាមរយៈសាខា​ និងបណ្តាញភ្នាក់ងារទូទាំងប្រទេស។ ភាពជាដៃគូនេះនឹងជួយយើងក្នុងការពង្រីកអាជីវកម្ម និងមូលដ្ឋានអតិថិជនកាន់តែសម្បូរបែប។”

អំពី ដាយ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ភាពស្ងប់ចិត្ត ក្រោមទស្សនៈរបស់យើង អតិថិជនជាចម្បង។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១ លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០ លានដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀរវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក-ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមប្រព័ន្ធ QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។