Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ –  ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីរាត្រីសមោសរដែលមានឈ្មោះថា“Agency Star Awards Night” ដើម្បីអបអរសាទរ ដល់អ្នកឯកទេសផែនការហិរញ្ញវត្ថុឆ្នើម សម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេនៅក្នុងឆ្នាំ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។

កម្មវិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខា ដោយមានការចូលរួមពីលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍​ លោក ផូ នេត្រ នាយកប្រតិបត្តិផ្នែកទីភ្នាក់ងារអាជីវកម្ម និងអ្នកឯកទេសផែនការហិរញ្ញវត្ថុប្រមាណ ២០០នាក់។

លោក អាឡិន ថៃ អគ្គនាយកក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា ៖“ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបង្ហាញពីការថ្លែងអំណរគុណចំពោះអ្នកឯកទេសផែនការហិរញ្ញវត្ថុបស់យើងដែលបានកសាងសមិទ្ធផលគួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ២០២១។ ពួកគេបានបំពេញការងារដោយមិនមានភាពនឿយហត់ក្នុងការផ្តល់ការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ និងផ្តល់ដំណោះស្រាយផែនការហិរញ្ញវត្ថុ រយៈពេលយូរអង្វែងសម្រាប់គ្រួសារកម្ពុជា។”

លោក អាឡិន ថៃ បានបន្ថែមទៀតថា​ ៖“ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តកសាងអនាគតហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ដោយផ្តល់នូវផលិតផលដែលមានការប្រកួតប្រជែង និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ តាមរយៈអ្នកឯកទេសផែនការហិរញ្ញវត្ថុរបស់យើង ដើម្បីបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតដែលកំពុងមានការកើនឡើង និងការសន្សំរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា”។

លោក ផូ នេត្រ នាយកប្រតិបត្តិផ្នែកទីភ្នាក់ងារអាជីវកម្ម បានសម្តែងការពេញចិត្តថា៖ “ក្នុងនាមជាអ្នកដឹកនាំនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្ម ខ្ញុំពិតជាមានមោទនភាពខ្លាំងចំពោះអ្នកឯកទេសផែនការហិរញ្ញវត្ថុ និងប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់យើង។ ពួកគេបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយគ្រួសារកម្ពុជាជាមួយនឹងការការពារអាយុជីវិតរបស់ពួកគេ និងការសន្សំរយៈពេលវែង។

អំពី ដាយ​ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ​ អុិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលទទួលបានការវាយតម្លៃកម្រិត A+ ពីទីផ្សារសន្ទស្សន៍តម្លៃ S&P និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាដើម្បី   ផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។