ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១៖ ពិធីប្រគល់សម្ភារៈគ្រឿងបរិក្ខារ ដែលជាការងារសង្គមចម្បងមួយរបស់ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ សម្រាប់ការកែលំអទីតាំងមួយចំនួននៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យរដ្ឋ មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងតាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៦០ មកម្ល៉េះ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា និងថ្នាក់ដឹកនាំជាន់ខ្ពស់ វេជ្ជបណ្ឌិត និងបុគ្គលិកនៃមន្ទីរពេទ្យ។  ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានឧបត្ថម្ភថវិកាប្រមាណជាង ២០,០០០ ដុល្លារអាមេរិក សម្រាប់ការកែលំអទីតាំងមួយចំនួនក្នុងមន្ទីរពេទ្យ រួមទាំងការដាក់ស្លាកសញ្ញាបង្ហាញទីតាំងអគារមន្ទីរពេទ្យ និងផ្ទាំងប៉ាណូនៅខាងក្នុងមន្ទីរពេទ្យ។

លោក អាឡិន ថៃ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ​ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ ស្របគ្នាជាមួយនឹងការអភិវឌ្ឍអាជីវកម្មរបស់យើង  ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា ជឿជាក់ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលយើងកំពុងប្រតិបត្តិការ។ កិច្ចការងារនេះជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយលើកកម្ពស់ជីវភាព និងភាពងាយស្រួលរបស់ប្រជាជនកម្ពុជា។

ដំណើរការនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេលវែង យើងនៅទីនេះដើម្បីបម្រើ និងបំពេញសេចក្តីត្រូវការធានារ៉ាប់រងអាយុជីវិត រួមទាំងការការពារសុខភាពជូនដល់ប្រជាជនកម្ពុជា គឺ ដាយ អុិឈិ ឡាយហ្វ៍ “នៅក្បែរអ្នកជានិច្ច​ សម្រាប់សុខភាព” ។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងតំណាងដ៏ខ្ពស់ខ្ពង់នាយកមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មានប្រសាសន៍ថា៖ សូមអរគុណចំពោះការឧបត្ថម្ភកែលំអស្លាកសញ្ញាសម្ភារៈរដ្ឋបាល និងគ្រឿងបរិក្ខារ ដើម្បីលើកសោភ័ណ្ឌភាព មន្ទីរពេទ្យឲកាន់តែស្រស់ស្អាត និងសម្រួលដល់បុគ្គលិកមន្ទីរពេទ្យ ព្រមទាំងបម្រើឲ្យផលប្រយោជន៏ជូនសាធារណៈជន។ សូមជូនពរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ ទទួលការគាំទ្រ និងបន្តការផ្តល់ការការពារដល់ប្រជាជនកម្ពុជាផងដែរ ។

អំពី ដាយ​ អុិឈិ ឡាយហ្វ៍​ អុីនសួរុិន (ខេមបូឌា)

ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងៗទៀត។

* ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥៥១ ពាន់លានដុល្លារអាមេរិក និងបុព្វលាភធានារ៉ាប់រងជាង ៤៥ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ។