កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានកិត្តិយសទទួលបានពានរង្វាន់ចំនួន២គឺ «ពានរង្វាន់ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤ ពី HR Asia។ HR Asia ជាស្ថាប័នបោះពុម្ពផ្សាយប្រចាំតំបន់អាស៊ី ដែលទទួលស្គាល់បណ្តាក្រុមហ៊ុន ដែលមានវប្បធម៌ការងារឈានមុខគេនៅក្នុងទីផ្សារ។ សមិទ្ធផលនេះបញ្ជាក់យ៉ាងច្បាស់ពីការប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការជំរុញបរិយាកាសការងារប្រកបដោយបរិយាបន្ន និងការយកចិត្តទុកដាក់ខ្ពស់លើបុគ្គលិក។
ឆ្នាំនេះ ដាយ អុិឈិ ឡាយហ្វ៍ កំពុងតែអបអរខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា ហើយក្រុមហ៊ុននៅតែបន្តលើកកម្ពស់សុខុមាលភាព និងឱកាសអភិវឌ្ឍខ្លួនសម្រាប់បុគ្គលិក។ វប្បធម៌ការងារបែបនេះបានចាក់ឬសគល់យ៉ាងជ្រៅជាមួយនឹងបទពិសោធន៍ប្រតិបត្តិការជាង១២២ឆ្នាំនៅប្រទេសជប៉ុន ដែលក្រុមហ៊ុនតែងជំរុញផ្តល់ឱកាសឱ្យក្រុមការងារបង្កើតដំណោះស្រាយហិរញ្ញវត្ថុ និងសេវាកម្មដែលមានគុណភាព ក៏ដូចជារួមចំណែកដល់ភាពរីកចម្រើនប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រងនៅកម្ពុជា។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ភាពជោគជ័យរបស់យើងពឹងផ្អែកទៅលើគោលបំណងរួមមួយ គឺសហការជាមួយអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព។ តម្លៃស្នូលរបស់យើង រួមមាន “យើងយកចិត្តទុកដាក់ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី” អាចឱ្យយើងជំរុញវប្បធម៌ការងារមួយដែលផ្តោតលើការគិតគូរ សុចរិតភាព និងភាពច្នៃប្រឌិតខ្ពស់។ វាក៏ជួយឱ្យក្រុមការងារយើងអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន ទាំងនៅក្នុងក្រុមហ៊ុន និងសម្រាប់សហគមន៍ទាំងមូល។»
លោក យូ សាមឺឌី នាយកប្រតិបត្តិផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) បានចូលរួមពិធីប្រគល់ពានរង្វាន់នេះនៅទីក្រុងបាងកកប្រទេសថៃ ហើយលោកបានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំនៃប្រតិបត្តិការរបស់យើងនៅកម្ពុជា យើងអាចទទួលបានពានរង្វាន់ទាំង២នេះពី HR Asia។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់យើងក្នុងការបង្កើតកន្លែងការងារមួយដែលបុគ្គលិកគ្រប់រូបទទួលបានការគាំទ្រ និងការគោរពឱ្យតម្លៃ។
អំពី HR Asia និង ពានរង្វាន់ទាំង២
HR Asia គឺជាវេទិកា និងជាស្ថានប័នបោះពុម្ពផ្សាយដ៏ល្បីឈ្មោះមួយសម្រាប់អ្នកជំនាញក្នុងវិស័យធនធានមនុស្សនៅតំបន់អាស៊ី។
ពានរង្វាន់ «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» ទទួលស្គាល់ក្រុមហ៊ុនឆ្នើមពាក់ព័ន្ធនឹងវប្បធម៌ការងារ ការចូលរួម និងការពេញចិត្តពីសំណាក់បុគ្គលិក។ ពានរង្វាន់ «ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ទទួលស្គាល់ស្ថាប័នដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់សុខុមាលភាពរបស់បុគ្គលិក។ ក្រុមហ៊ុននីមួយៗទទួលបានពានរង្វាន់បន្ទាប់ពីដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់ រួមមានការស្ទង់មតិបុគ្គលិក និងការវាយតម្លៃកន្លែងការងារ។
ចូលទៅកាន់គេហទំព័រពានរង្វាន់ HR Asia ដើម្បីស្វែងយល់បន្ថែម។