Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ - ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង ធនាគារ អ អេច ប៊ី បានប្រារព្ធសមិទ្ធិផលសម្រេចបានរួមគ្នានៃខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្ម ព្រមទាំងបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាដើម្បីផ្តល់ការការពារ និងធានាអនាគតផ្នែកហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជា។

កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “Together We Win” នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការអញ្ជើញចូលរួមពីលោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍​ និងលោក Wong Kee Poh ​អគ្គនាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី គណៈគ្រប់គ្រងជាន់ខ្ពស់នៃភាគីទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខារបស់ធនាគារ អ អេច ប៊ី  ​សម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០២៣ និងប្រគល់ពានរង្វាន់សម្រាប់បុគ្គលិកឆ្នើមផងដែរ។

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ​​មានប្រសាសន៍ថា៖​ “យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូអាជីវកម្មជាមួយធនាគារ អ អេច ប៊ី ដែលជាដៃគូដ៏រឹងមាំ គួរឱ្យទុកចិត្ត និងជាក្រុមសេវាកម្មហិរញ្ញវត្ថុដែលមានសមាហរណកម្មពេញលេញ ហើយជាក្រុមហ៊ុនបម្រើសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាចិត្ដនាំយកភាពជាដៃគូអាជីវកម្មប្រកបដោយផ្លែផ្កានេះទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត ដើម្បីជួយឱ្យយើងអាចផ្តល់ផលិតផលធានារ៉ាប់រងអាយុជីវិត និងសេវាកម្មពាក់ព័ន្ធជូនដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន។ ការប្តេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការបម្រើអតិថិជនបានធ្វើឱ្យយើងទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា” ពីកម្មវិធី Insurance Asia Awards 2023។”

លោក Wong Kee Poh អគ្គនាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី មានប្រសាសន៍ថា៖ “យើងជឿជាក់ថាធនាគារ អ អេច ប៊ី បានសម្រេចចិត្តត្រឹមត្រូវក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២០ ឆ្នាំ។ ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដូចជាផែនការសន្សំរយៈពេលវែង គឺពេញនិយមខ្លាំងក្នុងចំណោមបុគ្គលិក អតិថិជន និងក្រុមគ្រួសារ​របស់អតិថិជនរបស់ធនាគារ អ អេច ប៊ី។ ការការពារហិរញ្ញវត្ថុដែលផ្តល់ជូនអតិថិជន គឺច្រើនជាង៥ លានដុល្លារដែលនេះ​ពិតជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​នៃ​ភាពជា​ដៃគូអាជីវកម្ម​”​។

អំពី ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ និងទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា” ពីកម្មវិធី Insurance Asia Awards 2023 កាលពីពេលថ្មីៗនេះ ។ ក្រុមហ៊ុន ដាយ អុិឈិ ឡាហ្វ៍ កម្ពុជា  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង ឬ DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២០ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈវិស័យ “អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ 

*ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៩ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)