Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

រាជធានីភ្នំពេញថ្ងៃទី១១ ខែមករា ធ្នូ ឆ្នាំ២០២២ –  ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការ ការីតាសអូស្ត្រាលី ដើម្បីផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី Upholding Community Dignity Together (UCDT) នៅក្នុងប្រទេសកម្ពុជា ដោយការបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក។ ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងគាំទ្រដល់ប្រជាសហគមន៍ដែលងាយរងគ្រោះ តាមរយៈការទទួលបានជាអាហារ ប្រាក់ចំណូល និងសេវាកម្មមូលដ្ឋានប្រកបដោយនិរន្តរភាព។ ការគាំទ្រនេះ ក៏នឹងរួមចំណែកធ្វើឱ្យមានការអភិវឌ្ឍន៍សង្គម ក៏ដូចជាសេដ្ឋកិច្ចប្រកបដោយសមធម៌នៅក្នុងសហគមន៍កម្ពុជាផងដែរ។

លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា÷“យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយអង្គការ ការីតាសអូស្ត្រាលី ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រ​ជាជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាទំនួលខុសត្រូវក្នុងសង្គមមួយក្នុងចំណោមសកម្មភាពជាច្រើនផ្សេងទៀតដែលក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បាន នឹងកំពុងអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ យើងមានបំណងចូលរួមចំណែកជួយដល់សហគមន៍ដែលយើងផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិត។“

កម្មវិធី UCDT គ្រប់គ្រងដោយអង្គការ ការីតាសអូស្ត្រាលី ដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកចំនួន៨ផ្សេងទៀត។ កម្មវិធីនេះ អនុវត្តនៅក្នុងភូមិគោលដៅចំនួន៥១ នៃស្រុកចំនួន១១ ស្ថិត នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប។ រួមជាមួយនឹងការគាំទ្រដ៏សប្បុរសពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា កម្មវិធីនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី។​

លោក ឡាយ សុធី តំណាងអង្គការ ការីតាស អូស្ត្រាលី ប្រចាំប្រទេសកម្ពុជាបាននិយាយថា÷"យើងពិតជារីករាយណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា។​ វាពិតអស្ចារ្យណាស់ ក្នុងការធ្វើការជាមួយស្ថាប័ននានាដែលមានគោលដៅបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍" ។

កម្មវិធីUCDT ផ្តោតលើចំណុចខ្លាំងដែលមានស្រាប់នៅក្នុងសហគមន៍ដោយប្រើប្រាស់ធនធាន និងកម្លាំង ពលកម្មក្នុងស្រុក។ តាមរយៈកម្មវិធីនេះ យើងអាចបង្កើនចំនួននៃ ធុងទឹក អណ្តូងទឹក ប្រព័ន្ធចែក​ចាយទឹក និងបង្គន់អនាម័យដែលត្រូវបានចូលរួមចំណែកសាងសង់ដោយក្រុមគ្រួសារនីមួយៗខ្លួនឯង។ នេះ​ក៏​មាន​ន័យ​ថា ប្រជាសហគមន៍​បានចូលរួម​បណ្តាក់​ទុន​កាន់​តែ​ច្រើនដើម្បីទទួលបានជា​លទ្ធផល ហើយពួក​គេនឹង​មាន​មោទនភាព​ចំពោះ​ការ​រួម​ចំណែក​ ក៏ដូចជា​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ។

អំពី ដាយ​ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ​ អុិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

* Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥០៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៨ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩) ។