ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ – ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក បានប្រគល់សួន កម្សាន្ដកុមារទើបបានសាងសង់ថ្មី ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណរបស់មន្ទីរពេទ្យ។ ជារៀងរាល់ថ្ងៃ កុមាររាប់រយនាក់ដែលស្វែងរកការពិនិត្យព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ នឹងទទួលបានអត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារតែមានកន្លែងកម្សាន្តដើម្បីលេងជាមួយគ្នា។
ពិធីប្រគល់សួនកម្សាន្ដកុមារនេះ ធ្វើឡើងនៅមន្ទីរពេទ្យកុមារអង្គរ ដោយមានការចូលរួមពីលោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និងមន្ទីរពេទ្យកុមារអង្គរ រួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
ការបរិច្ចាគសួនកម្សាន្តកុមារ គឺជាការបរិច្ចាគជាលើកទី៣របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ជូនមន្ទីរពេទ្យកុមារអង្គរ គិតត្រឹមក្នុងរយៈពេល៩ខែប៉ុណ្ណោះ។ ការបរិច្ចាគលើកទី១របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២២ តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតបែបឌីជីថលដែលមានឈ្មោះថា “ប្រាយ ឡាយហ្វ៍” ចំណែកការបរិច្ចាគលើកទី២ គឺធ្វើឡើងសម្រាប់ការថែទាំ និងព្យាបាលកុមារក្នុងទំហំទឹកប្រាក់ ១៥,០០០ ដុល្លារ នៅក្នុងខែមករា ដើមឆ្នាំ២០២៣នេះ តាមរយៈក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង។
លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ “ក្រោយការដាក់ឱ្យដំណើរការយុទ្ធនាការផ្សព្វផ្សាយ “អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1” យើងតែងតែស្វែងរកមធ្យោបាយដើម្បីបម្រើប្រជាជនកម្ពុជាឱ្យបានកាន់តែល្អ។ ការបរិច្ចាគនេះ បានបំពេញគោលបំណងខាងលើ និងស្របគ្នាជាមួយ “ទំនួលខុសត្រូវក្នុងសង្គម” របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលយើងផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិត។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយមន្ទីរពេទ្យកុមារអង្គរ ដោយសារបេសកកម្ម និងការងាររបស់មន្ទីរពេទ្យ គឺស្របជាមួយគុណតម្លៃរបស់យើង”។
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានការិយាល័យនៅរាជធានីភ្នំពេញ សាខានៅខេត្ដបាត់ដំបង និងខេត្តសៀមរាប ហើយក្រុមហ៊ុនកំពុងផ្ដល់សេវាកម្មដល់ជាង ១០,០០០ ក្រុមគ្រួសារ។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។
អំពី ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២០ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈវិស័យ “អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។
* ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៣៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២)