រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៖ នៅក្បែរអ្នកជានិច្ច គឺជាបេសកកម្មដ៏ចម្បងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍។ ផ្ទាំងស្លាកអំណោយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បានតំឡើងនៅក្នុងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ខេត្តកណ្តាល។ ផ្ទាំងស្លាកអំណោយនេះ គឺបង្ហាញពីកាតប្តេជ្ញាចិត្តខ្ពស់បំផុតដែលជាផ្នែកមួយនៃទំនួលខុសត្រូវកិច្ចការងារសង្គម របស់ ដាយ អុិឈិ ឡាយហ្វ៍ ដើម្បីជួយដល់កុមារកម្ពុជា។ យើងសូមគូសបញ្ជាក់ថា “កិច្ចព្រមព្រៀងផ្តល់ជំនួយនៃគម្រោងនេះត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។ ក្រោមកិច្ចព្រមព្រៀងនេះ ដាយ អុិឈិ ឡាយហ្វ៍ បានឧបត្ថម្ភសម្ភារៈមន្ទីរពេទ្យមួយចំនួនដូចជា៖ ម៉ូនីទ័រតាមដានអាការៈរោគអ្នកជំងឺ ឧបករណ៍វះកាត់កុមារ និងថ្លៃវះកាត់សម្រាប់អ្នកជំងឺជាង ១០០នាក់ ជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការព្យាបាល និងថែទាំសុខភាពសម្រាប់កុមារ និងអ្នកជំងឺដទៃទៀតដែលត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
មជ្ឍមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ជាអង្គការស្ម័គ្ររបស់ប្រទេសជប៉ុន សម្រាប់ជួយដល់កុមារ ដែលជួបការលំបាក និងត្រូវការព្យាបាលជំងឺដោយឥតគិតថ្លៃ។