Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (“ដាយ អុិឈិ ឡាយហ្វ៍”) បានសម្រេចតែងតាំង លោក ពន្លឺ តុលា ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនដែលនឹងមានសុពលភាព ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះតទៅ

លោក ពន្លឺ តុលា ទទួលតំណែងនេះបន្តពី លោក អាឡិន ថៃ ដែលជាអ្នករៀបចំបង្កើតក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជា ដោះស្រាយបញ្ហាអំឡុងវិបត្តិជំងឺកូវីដ-១៩ និងជួយឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនដែលមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

លោក Takashi Fujii នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី​ប៉ាស៊ី​ហ្វិ​ករបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ “ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា នឹងស្ថិតក្នុងស្ថានភាពដ៏ល្អក្រោមការដឹកនាំរបស់លោក ពន្លឺ តុលា​​។  លោកពន្លឺ តុលា គឺជាអ្នកដឹកនាំអាជីវកម្មមួយរូបពោរពេញទៅដោយបទពិសោធន៍ ភាពជោគជ័យ និងទទួលបានការគោរពជាច្រើន។ លោក តុលា ស្ថិតនៅក្នុងចំណោមអ្នកត្រួសត្រាវផ្លូវដំបូងគេនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសមិទ្ធិផលនៃការដឹកនាំផ្នែកចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ។ ​ការរួមបញ្ចូលគ្នានូវ​​បទពិសោធន៍យ៉ាងច្រើន ការយល់ដឹងច្រើនអំពីវប្បធម៌ និងការដឹកនាំគ្រប់គ្រងដ៏អស្ចារ្យទើបធ្វើឲ្យលោក ពន្លឺ តុលា ក្លាយជាបេក្ខជនដ៏ល្អបំផុតមួយក្នុងការដឹកនាំក្រុមហ៊ុន ​ដាយ អ៊ិឈិ ឡាយហ្វ៍ ឆ្ពោះទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ជាមួយគ្នានេះដែរ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អាឡិន ថៃ​ សម្រាប់ការដឹកនាំដ៏អស្ចារ្យ និងការរួមចំណែកជាច្រើនរបស់លោកនាពេលកន្លងមកជូន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) និងជូនពរឲ្យលោកទទួលបានភាពជោគជ័យគ្រប់ភារៈកិច្ចនាពេលអនាគត។”

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) មានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្ដីសោមនស្សខ្លាំងណាស់ដែលបានចូលបម្រើការងារជាមួយ ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង​​​។ កេរ្តិ៍ដំណែលដ៏អស្ចារ្យ និងប្រតិបត្តិការប្រកបដោយភាពជោគជ័យរបស់ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង ​គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការផ្តល់ផលិតផលធានារ៉ាប់រងអាយុជីវិតដ៏ល្អឥតខ្ចោះ និងសេវាកម្មពាក់ព័ន្ធផ្សេងៗទៀត។ ខ្ញុំមានសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែង និងទទួលបានការរលើកទឹកចិត្ដ ដោយសារតែបានមើលឃើញពីភាពជោគជ័យ និងសន្ទុះដ៏​ខ្លាំងនាពេលបច្ចុប្បន្ននេះដែលក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សម្រេចបានក្រោមការដឹកនាំដ៏ជោគជ័យរបស់លោក អាឡិន ថៃ។ ខ្ញុំប្តេជ្ញាដឹកនាំក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ​ទៅកាន់ភាពជោគជ័យថ្មីមួយទៀត ដោយឈរលើសមិទ្ធិផលដ៏អស្ចារ្យដែលមានស្រាប់ ក៏ដូចជាបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យ “អតិថិជនជាចម្បង” របស់ក្រុមហ៊ុន។”

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានផ្តល់ភាពស្ងប់ចិត្ដផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាជាង៩០០០ គ្រួសារ តាមរយៈការចែកចាយផលិត ផលធានារ៉ាប់រងអាយុជីវិត និងផែនការសន្សំរយៈវែង។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានបុគ្គលិកជាង ៣០០នាក់ និងមានសាខានៅរាជធានីភ្នំពេញ ខេត្ដបាត់ដំបង និងខេត្ដសៀមរាប។

អំពី ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក​ (“ដាយ អុិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនអស់រយៈពេលជាង ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង “អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

*ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន​ ៥៣៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២)