ដាយ អុិឈិ ឡាយហ្វ៍ មានមោទនភាពប្រកាសនូវកម្មវិធីប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ ជាការប្រកួតបាល់ទាត់បែបសហគមន៍ក្នុងគោលបំណងលើកកម្ពស់កុមារនៅកម្ពុជា តាមរយៈកីឡា និងការរស់នៅប្រកបដោយសុខុមាលភាព។ ការប្រកួតបាល់ទាត់នេះមានកិត្តិយសដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបង្ហាញពីបេសកកម្មរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការផ្តល់ជូនសហគមន៍លើសពីការការពារអាយុជីវិត។
ការប្រកួតរដូវកាលទី១នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រកួតនៅឆ្នាំបន្តបន្ទាប់ទៀត ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ចំពោះការអភិវឌ្ឍយុវជនជំនាន់ក្រោយ និងការលើកកម្ពស់សហគមន៍មួយដែលមានសុខុមាលភាពកាន់តែប្រសើរ។
ការប្រកួតជម្រុះនឹងប្រព្រឹត្តទៅចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប ជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រនៅខែសីហា ឆ្នាំ២០២៦។ កម្មវិធីសម្ពោធជាផ្លូវការបានប្រព្រឹត្តឡើងនៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង លោក សេង សុភ័ក្រ្ត នាយកប្រតិបត្តិនៃក្រុមហ៊ុន PEAK Digital។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ការលើកកម្ពស់កីឡាបាល់ទាត់កម្រិតសហគមន៍ គឺជាមាគ៌ាដ៏សំខាន់សម្រាប់ការអភិវឌ្ឍយុវជននៅកម្ពុជា ហើយក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០២៤–២០២៨ ក្នុងគោលបំណងចាប់យកវិស័យកីឡាជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់វិន័យ សុខភាព និងកិត្តិយសជាតិ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះ យើងធានាថាកុមារនៅកម្ពុជាអាចអភិវឌ្ឍខ្លួនក្លាយទៅជាយុវជនកម្ពុជាជំនាន់ក្រោយ ដែលប្រកបទៅដោយសុខុមាលភាពល្អ និងភាពធន់។»
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានបន្ថែមថា៖ «កម្មវិធីនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់វិស័យធានារ៉ាប់រង ក្នុងការផ្តល់ជូនសហគមន៍កម្ពុជាលើសពីការការពារហិរញ្ញវត្ថុ ពោលគឺការកសាងសហគមន៍មួយប្រកបដោយសុខុមាលភាពល្អ និងភាពធន់ ព្រមទាំងបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សកម្ពុជាប្រកបដោយសុខភាពល្អ វិន័យ និងក្រមសីលធម៌ខ្ពស់។»
លោក Mah Kin Yoong បានលើកឡើងថា៖ «ដាយ អុិឈិ ឡាយហ្វ៍ មានមោទនភាពក្នុងការជម្រុញលើកកម្ពស់ទំពាំងស្នងឫស្សីនៃប្រទេសកម្ពុជា តាមរយៈកម្មវិធីបាល់ទាត់បែបសហគមន៍នេះ។ យើងសង្ឃឹមថានឹងអាចធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងអនាគតកាន់តែភ្លឺស្វាង និងប្រកបដោយសុខុមាលភាព សម្រាប់កុមារ និងសហគមន៍ទាំងមូល។»
ការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup ត្រូវបានសហការរៀបចំដោយ PEAK Digital ហើយកម្មវិធីនេះនឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំស្ថាប័នអប់រំ គ្រួសារ និងក្លិបបាល់ទាត់នៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ការរស់នៅដែលគិតគូរពីសុខភាព និងការផ្សាភ្ជាប់ទំនាក់ទំនងសហគមន៍ឲ្យកាន់តែរឹងមាំ។









