ដាយ អុិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា" រយៈពេល២ឆ្នាំជាប់ៗគ្នាពីកម្មវិធី Insurance Asia Awards ដែលធ្វើឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាត Marina Bay Sand ប្រទេសសិង្ហបុរី។
Insurance Asia Awards ត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីពានរង្វាន់ដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះទទួលស្គាល់ពីការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលអាចបង្កើតការផ្លាស់ប្តូរសម្រាប់ជីវិតរស់នៅរបស់អតិថិជន តាមរយៈការច្នៃប្រឌិតថ្មីៗ។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានចែករំលែកថា «យើងមានមោទនភាពដែលបានឈ្នះពានរង្វាន់នេះជាថ្មីម្តងទៀត។ ក្នុងការសម្រេចបានសមិទ្ធផលនេះគឺមិនអាចទៅរួចទេ ប្រសិនបើមិនមានការប្រឹងប្រែងពីក្រុមការងារទាំងអស់របស់យើងដែលជាកម្លាំងដ៏សំខាន់នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកបានបន្ថែមថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការបន្តគាំទ្ររបស់និយ័តករធានារ៉ាប់រងកម្ពុជា អតិថិជន និងដៃគូអាជីវកម្ម។ កិច្ចប្រឹងប្រែងរួមគ្នានេះស្របតាមគោលបំណងរបស់ក្រុមហ៊ុន ‘សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព’។ នេះក៏ជាសមិទ្ធផលដ៏គួរឱ្យចងចាំមួយផងដែរ ព្រោះវាស្របជាមួយនឹងខួប៥ឆ្នាំរបស់យើងនៅកម្ពុជា»។
ការរីកចម្រើន និងការពង្រីកខ្លួនយ៉ាងឆាប់រហ័ស
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដាយ អុិឈិ ឡាយហ្វ៍ បានផ្តល់សំណង និងអត្ថប្រយោជន៍បន្ថែមសរុបជាង ៤៥ ម៉ឺនដុល្លារអាមរិក និងបានការពារអតិថិជនជាង២ម៉ឺននាក់នៅកម្ពុជា។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល ការិយាល័យសាខាចំនួន២ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន៣ ហើយឥឡូវនេះ ជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែងនៅកម្ពុជា យើងកំពុងពង្រីកមជ្ឈមណ្ឌលបណ្តុះបណ្តាលទៅកាន់ខេត្តចំនួន២បន្ថែមទៀត។ ចាប់ពីខែកញ្ញាឆ្នាំ២០២៣ ក្រុមហ៊ុនបានបន្តរីកចម្រើន ដោយបានជ្រើសរើសភ្នាក់ងារអាជីពទាំងពេញម៉ោង និងក្រៅម៉ោងសរុបជាង២០០នាក់ តាមរយៈកម្មវិធីបណ្តុះបណ្តាលតាមបែបស្តង់ដាជប៉ុនរបស់ខ្លួន។ យើងមិនត្រឹមតែរួមចំណែកបង្កើតឱកាសការងារប៉ុណ្ណោះទេ ថែមទាំងបានពង្រីកការទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុទៅកាន់គ្រួសារនៅកម្ពុជាកាន់តែច្រើនផងដែរ។
ការច្នៃប្រឌិតផលិតផល និងសេវាកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក
ដោយទទួលស្គាល់ពីតម្រូវការកើនឡើងរបស់អតិថិជន ដាយ អុិឈិ ឡាយហ្វ៍ បានដាក់សម្ពោធផលិតផលថ្មីមួយឈ្មោះថា 'EASYCare' កាលពីខែមេសា ឆ្នាំ២០២៤នេះ ដើម្បីដោះស្រាយគម្លាតនៃលទ្ធភាពទទួលបានធានារ៉ាប់រងអាយុជីវិត។ ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការអតិថិជនសម្រាប់កញ្ចប់ធានារ៉ាប់រងដែលមានតម្លៃសមរម្យ រហ័ស និងងាយស្រួលក្នុងការទិញ ដែលជួយសម្រួលដល់ការទទួលបានធានារ៉ាប់រងអាយុជីវិត។
ការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ
ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ដាយ អុិឈិ ឡាយហ្វ៍ បានបង្កើតភាពជាដៃគូចំនួន៤ ជាមួយធនាគារវឌ្ឍនៈ ធនាគារសាខម ធនាគារ អ អេច ប៊ី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីជួយជម្រុញបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ក្រៅពីភាពជាដៃគូជាមួយធនាគារដៃគូ យើងក៏បន្តពង្រីកដៃគូថ្មីផងដែរ ដោយថ្មីៗនេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយ Think Think Cambodia និងសាលាមត្តេយ្យអន្តរជាតិជប៉ុន Japanese International School of Phnom Penh (JISPP)។
ការគាំទ្រសុខុមាលភាពរបស់សហគមន៍
ដាយ អុិឈិ ឡាយហ្វ៍ តែងតែគាំទ្រដល់កិច្ចការងារផ្សេងៗក្នុងសហគមន៍ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍។ គំនិតផ្តួចផ្តើមថ្មីៗនេះ រួមមានការបរិច្ចាគថវិកាទៅកាន់មជ្ឈមណ្ឌលកុមារ បេះដូងជប៉ុន ដើម្បីជួយទ្រទ្រង់ដល់ការថែទាំ និងព្យាបាលអ្នកជំងឺ និងសាងសង់អគារមន្ទីរពេទ្យថ្មីនៅខេត្តកណ្តាល។