រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី “បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល លើវិស័យធានារ៉ាប់រងអាយុជីវិត” ជាមួយក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអុី អិលធីឌី (មិត្ដហ្វូន) និងក្រុមហ៊ុន អុី-ម៉ាន់នី ផេមុិន សឹលូសិន ម.ក (អុី-ម៉ាន់នី)។
ពិធីចុះហត្ថលេខានេះមានការចូលរួមពី លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក លោក ហ្វុង វ៉ាន់ខុង អគ្គនាយក នៃក្រុមហ៊ុន មិត្តហ្វូន និងលោក ផាម ដាំងកុង អគ្គនាយក នៃក្រុមហ៊ុន អុី-ម៉ាន់នី ។ តាមរយៈអនុស្សរណៈយោគយល់នេះ នឹងជួយឱ្យក្រុមហ៊ុនទាំងបីសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់អត្ថប្រយោជន៍ជាវិជ្ជមានដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល។
មិត្ដហ្វូន និងអុី-ម៉ាន់នី នឹងសហការគាំទ្រដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (អាយសុីធី) និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផលិតផលធានារ៉ាប់រងដល់ប្រជាជនកម្ពុជា និងធ្វើអោយជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសកម្ពុជា។
លោក ហ្វុង វ៉ាន់ខុង អគ្គនាយក នៃក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអុី អិលធីឌី មានប្រសាសន៍ថា៖ ក្រុមហ៊ុន មិត្តហ្វូន និងអុី-ម៉ាន់នី នឹងផ្គត់ផ្គង់សេវាកម្មប្រមូលបុព្វលាភធានារ៉ាប់រងដែលអតិថិជនបង់ជូនដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈប្រព័ន្ធទូទាត់ឆាប់រហ័សតាមរយៈ អុី-ម៉ាន់នី ឬ គណនីទូរស័ព្ទចល័ត។ អុី-ម៉ាន់នី អាចផ្តល់នូវសេវាទូរទាត់ប្រាក់របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដើម្បីឱ្យ ដាយ អុិឈិ ឡាយហ្វ៍ ទូរទាត់ប្រាក់ ទៅអតិថិជនរបស់ខ្លួន លើសពីនេះទៀតការផ្សាយពាណិជ្ជកម្មនូវសេវាកម្មធានារ៉ាប់រងនៅលើកម្មវិធី អុី-ម៉ាន់នី និងកម្មវិធី ម៉ាយមិត្តហ្វូន (My MetFone)។
ខ្ញុំជឿជាក់ថាក្នុងកិច្ចព្រមព្រៀងនេះ អតិថិជន និងប្រជាជន នឹងទទួលបាននូវការគាំទ្រពីសំណាក់ មិត្តហ្វូន ដាយ អុិឈិ ឡាយហ្វ៍ និងអុី-ម៉ាន់នី ក្នុងលក្ខខណ្ឌការផ្តល់ដំណោះស្រាយ និងសេវាកម្មអតិថិជន ដែលជួយសន្សំពេលវេលា និងការខិតខំប្រឹងប្រែងរបស់អតិថិជន តាមរយៈការទទួលបានសេវាធានារ៉ាប់រងដែលមានភាពងាយស្រួល និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ នេះគឺជាកិច្ចសហប្រតិបត្តិការជាដៃគូដ៏ពិសេសមួយ ដែលធ្វើឱ្យ ដាយ អុិឈិ ឡាយហ្វ៍ អាចផ្តល់ជូនសេវា ធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យ និងមានភាពប្រកួតប្រជែង ព្រមជាមួយនឹងវិធីសាស្រ្តក្នុងការទូទាត់ប្រាក់ សម្រាប់ប្រជាជនកម្ពុជាយ៉ាង តាមរយៈបណ្តាញយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន មិត្តហ្វូន និងបច្ចេកវិទ្យាទូទាត់តាមរយៈក្រុមហ៊ុន អុី-ម៉ានី ។
សេវាកម្មធានារ៉ាប់រងអាយុជីវិត កំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ហើយអតិថិជនបានយល់ដឹងកាន់តែច្រើន អំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា។ មិត្តហ្វូន អុី-ម៉ាន់នី និង ដាយ អុិឈិ ឡាយហ្វ៍ ជឿជាក់ថាភាពជាដៃគូថ្មីនេះនឹងក្លាយជាចំណុចស្នូលមួយ ក្នុងការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការច្នៃប្រឌិតលើបច្ចេកវិទ្យាឌីជីថល និងសេវាកម្មដែលមានគុណភាព។
អំពី ដាយ អុិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
អំពី ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអុី អិលធីឌី
ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអុី អិលធីឌី (”មិត្តហ្វូន”) គឺជាក្រុមហ៊ុនទូរស័ព្ទឈានមុនគេនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញគ្របដណ្តប់ទូលំទូលាយគួរឲ្យទុកចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា។ មិត្តហ្វូន ត្រូវបានដំណើរការដោយជោគជ័យ និងរីកលូតលាស់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ សព្វថ្ងៃនះ មិត្តហ្វូន គឺជាអ្នកផ្តល់សេវាទូរគមនាគមន៍លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់ប្រជាជនជាង ៩ លាននាក់នៅទូទាំង ២៥ ខេត្ត។
អំពី ក្រុមហ៊ុន អុី-ម៉ាន់នី ផេមុិន សឹលូសិន ម.ក (អុី-ម៉ាន់នី)
ក្រុមហ៊ុន អុី-ម៉ាន់នី ផេមុិន សឹលូសិន ម.ក (អុី-ម៉ាន់នី) គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមរយៈទូរស័ព្ទចល័តឈានមុខគេមួយ ដែលមានសេវាគ្របដណ្តប់ជាង ៨០០០ ភ្នាក់ងារទូទាំងប្រទេស នៅក្នុងប្រទេសកម្ពុជា។