Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

ភ្នំពេញ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២៥៖ ព្រឹត្តិការណ៍រត់​សប្បុរសធម៌​ «​រត់​ដោយបេះដូង» ត្រូវបានរៀបចំ​ឡើង​ជាមួយនឹងស្មារតី​​នៃក្ដីមេត្តានិង​ការគិតគូរដល់កុមារគ្រប់រូប។ កម្មវិធីឆ្នាំ២០២៥នេះ ​ត្រូវបាន​ឧបត្ថម្ភ​ផ្ដាច់មុខដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ​ហើយត្រូវបាន​បញ្ចប់​ទៅយ៉ាង​រលូននៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក។ ការរត់​សប្បុរសធម៌នេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយបានផ្ដល់ឱកាសឱ្យសប្បុរសជនរាប់​រយ​នាក់មកជួបជុំគ្នា បង្ហាញពីសាមគ្គីភាព​ដ៏​អស្ចារ្យ​​ ដើម្បីគាំទ្រដល់​​កុមារអូទីស្សឹម​នៅសាលា​រៀនទន្សាយ។​

ព្រឹត្តិការណ៍នេះ​ពោរពេញទៅ​ការសារទរ ភាព​សប្បាយរីករាយ និង​​អនុស្សាវរីយ៍ដែល​មិនអាច​បំភ្លេច​បាន តួយ៉ាងមាននូវ​ការបង្ហាញ​វត្តមាន​យ៉ាងពិសេសរបស់សិស្សមកពីសាលារៀនទន្សាយ​ផ្ទាល់តែម្តង។ សិស្សទាំងអស់​​ត្រូវបានទទួល​ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកចូលរួម។

ព្រឹត្តិការណ៍នេះ​មានកិត្តិយសដោយមាន​វត្ត​មានដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម គីម​ រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.), លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា, លោក អ៊ួន បឋម (សាយ) សា្ថបនិក «រត់ជាមួយសាយ» ព្រមទាំង អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិនៃអង្គការសាលារៀនទន្សាយ​។

កម្មវិធី «រត់​ដោយ​បេះដូង»​ ជាព្រឹត្តិការណ៍មួយដែលបង្ហាញនូវការគាំទ្រចំពោះកុមារអូទីស្សឹម ផ្សព្វផ្សាយការយល់ដឹងឱ្យកាន់តែទូលំទូលាយ និងបង្ហាញ​ស្មារតី​​រួបរួមមួយនៅក្នុងសហគមន៍។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បី​រៃអង្គាសថវិកាសប្បុរសធម៌ ​និងផ្សព្វផ្សាយអំពីកិច្ចការងារបស់​សាលាទន្សាយ​។ ​សាលារៀន​ទន្សាយជាស្ថាប័នឈានមុខគេមួយ​នៅ​កម្ពុជា ​បង្កើត​ឡើងតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ក្នុងគោលបំណងគាំទ្រដល់​​កុមារដែលមាន​ពិការភាពបញ្ញា​​​។ ដោយមានការគាំទ្រទាំងស្រុង​​ពីក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ថវិកាទាំងអស់​របស់​សប្បុរសជនពីកម្មវិធី «រត់ដោយបេះដូង» នឹងត្រូវបានបរិច្ចាគ​ទៅកាន់សាលាទន្សាយ។

ក្រុមការងាររៀបចំកម្មវិធីកាន់តែមានមោទនភាព ដោយមានការចុះឈ្មោះចូលរួមរត់ពីចម្ងាយពីសំណាក់សប្បុរសជននៅក្រៅប្រទេស សហគមន៍ជប៉ុននៅកម្ពុជា និងសាធារណជនមកពីគ្រប់​មជ្ឈដ្ឋាន ​ដែល​សុទ្ធសឹងតែចូលរួម​គាំទ្រដល់​​បេសកកម្មរបស់​សាលាទន្សាយ។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមាន​ប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបដែលបានឃើញទិដ្ឋភាពមួយនេះ ដែលមានក្រុមការងារ ដៃគូសហការ និងសាធារណជនជាច្រើន​​បានមករត់​ជាមួយ​នឹង​កុមារអូទីស្សឹម។ ស្នាមញញឹមរបស់កុមារទាំងអស់រំឮកឱ្យយើងយល់កាន់តែច្បាស់អំពីសារសំខាន់នៃការគាំទ្រចំពោះកុមារអូទីស្សឹមនៅកម្ពុជា។ វាហាក់បីដូចជាក្តីសង្ឃឹមមួយសម្រាប់ពួកគាត់។ ព្រឹត្តិការណ៍​នេះក៏​បាន​ស្ដែង​ឱ្យឃើញនូវ​​ការប្ដេជ្ញាចិត្ត​ដ៏ជ្រាលជ្រៅរបស់​យើង​​ក្នុងការ​ជំរុញសហគមន៍​មួយដែលគិតគូរ និងផ្តល់តម្លៃដល់កុមារគ្រប់រូប ដែល​ស្រប​នឹងគុណតម្លៃ​ស្នូលមួយរបស់យើងគឺការយកចិត្តទុកដាក់លើសហគមន៍ដែលយើងធ្វើអាជីវកម្ម។ យើងមានមោទកភាពក្នុងការ​គាំទ្រ​សាលារៀនទន្សាយ​ និងកម្មវិធី «រត់ជាមួយសាយ» ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារអូទីស្សឹមនៅកម្ពុជា។

លោក អ៊ួន បឋម (សាយ) ស្ថាបនិកកម្មវិធី «រត់​ជាមួយសាយ» បាន​បន្ថែមថា៖ «​​​ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់ទៅដោយរលូន​និងរីករាយ​លើសពីការរំពឹងទុក។ ​ខ្ញុំ​ពិត​ជា​រំជួលចិត្ត​​ដែល​បានឃើញ​កុមារអូទីស្សឹមរត់អម​ជាមួយនឹង​អ្នក​​គាំទ្ររបស់ពួក​គេរាប់រយអ្នក ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង​ដៃគូរបស់​យើងទាំងអស់ ដែលបានគាំទ្របេសកកម្មមួយនេះ និងញុំាងឱ្យកម្មវិធីនេះអាច​បញ្ចប់​ទៅ​ដោយ​​ជោគជ័យ។​  យើងរួមគ្នា​បង្កើត​​អនាគត​​មួយ​ដែល​​ធានាថាកុមារ​គ្រប់​រូបទទួលបានការគាំទ្រ និងផ្តល់តម្លៃកាន់តែប្រសើរ។

ព្រឹត្តិការណ៍ «រត់​ដោយបេះដូង»​ មិនត្រឹមតែជាកម្មវិធីរត់ប៉ុណ្ណោះទេ ពោល​គឺកម្មវិធីនេះបានបន្សល់ទុកនូវអនុស្សាវរីយ៍មួយដែលពោរពេញដោយក្តីស្រឡាញ់ ​សាមគ្គីភាព និងការប្ដេជ្ញាចិត្តរួមគ្នា ​ដើម្បី​លើកស្ទួយ​​​​​កុមារអូទីស្សឹមនៅ​ទូទាំងប្រទេសកម្ពុជានិងគ្រប់ទីកន្លែង។