ភ្នំពេញ, កម្ពុជា៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍រីករាយប្រកាសតែងតាំងលោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ខ្លួនដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤តទៅ។
លោក Mah Kin Yoong មានបទពិសោធន៍ និងបានបង្កើតសមិទ្ធផលជាច្រើននៅ ដាយ អុិឈិ ឡាយហ្វ៍ (គ្រុប)។ កាលពីឆ្នាំ ២០២០ គាត់បានចូលរួមជាមួយ ដាយ អុិឈិ ឡាយហ្វ៍ (អាស៊ីប៉ាស៊ីហ្វិក) ដែលជាការិយាល័យកណ្តាលប្រចាំតំបន់ ក្នុងនាមជានាយកផ្នែកចែកចាយ ឌីជីថល និងនវានុវត្តន៍។ ជាមួយនឹងបទពិសោធន៍ដឹកនាំដ៏គួរឱ្យកត់សម្គាល់របស់គាត់ លោក Mah Kin Yoong បានផ្លាស់មកចូលរួមជាមួយ ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) នៅឆ្នាំ២០២២ ក្នុងតួនាទីជានាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងបន្ទាប់មកត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្នុងឆ្នាំ២០២៣។
ចាប់តាំងពីខែមករា ឆ្នាំ២០២៤ មក លោកត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិស្តីទីរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ដោយបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន។ ការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់គាត់បានបង្កើនទំនុកចិត្ត ដែលអាចឱ្យគាត់ក្លាយជាបេក្ខភាពដ៏លេចធ្លោមួយរូបសម្រាប់តំណែងនេះ។
លោក Brett Clark ជាអគ្គនាយកប្រតិបត្តិ និងនាយកគ្រប់គ្រងនៃ ដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «បទពិសោធន៍ ២០ឆ្នាំរបស់ Kin Yoong នៅតាមបណ្តាទីផ្សារចម្រុះ រួមមាន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា អនុញ្ញាតឱ្យគាត់យល់ដឹងពីតម្រូវការផ្សេងៗគ្នានៃដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន។
«គាត់មានបទពិសោធន៍ជាមួយនឹងផ្នែកសំខាន់ៗ ដូចជា ផ្នែកដៃគូអាជីវកម្ម ព័ត៌មានវិទ្យា ប្រតិបត្តិការ និងទីផ្សារ។បទពិសោធន៍ទាំងនេះអនុញ្ញាតឱ្យគាត់អាចដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធិភាព ដែលជំរុញឱ្យមានភាពរីកចម្រើននៃអាជីវកម្ម រួមមានការបង្កើនបទពិសោធន៍កាន់តែល្អប្រសើរជូនអតិថិជនតាមរយៈការពង្រឹងប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ ការបង្កើនចំនួនភ្នាក់ងារធានារ៉ាប់រងអាជីព ក៏ដូចជាការគាំទ្រយ៉ាងសកម្មដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន។»
លោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះឱកាសដ៏ពិសេសមួយនេះ ហើយសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់ ដាយ អុិឈិ ឡាយហ្វ៍ (គ្រុប) ចំពោះផ្តល់ទំនុកចិត្តមកលើរូបខ្ញុំ។ ជាមួយនឹងគោលបំណងរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប) “សហការជាមួយអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព” ខ្ញុំសង្ឃឹមថានឹងអាចបន្តធ្វើការជាមួយក្រុមការងារប្រកបដោយទេពកោសល្យរបស់យើង ដើម្បីផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ»។
ស្ថានភាពសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្នបង្ហាញពីឧបសគ្គប្រឈមជាច្រើន ដែលរំខានដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោក Mah Kin Yoong ដាយ អុិឈិ ឡាយហ្វ៍ នឹងអាចប្រឈមជាមួយបញ្ហាប្រឈមទាំងនេះប្រកបដោយភាពរឹងមាំ និងបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយរបស់ប្រទេសជប៉ុន។