Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០១៩៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក បានចូលរួមក្នុង ទិវាធានារ៉ាប់រង ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្នាក់ជាតិដំបូងបង្អស់ ប្រារព្ធឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទិវាធានារ៉ាប់រង នេះត្រូវបានផ្តួចផ្តើមនៅក្នុងគោលបំណងសំខាន់មួយ គឺដើម្បីជម្រុញការអភិវឌ្ឍលើវិស័យធានារ៉ាប់រងនៅកម្ពុជា ក៏ដូចជាបង្កើនការយល់ដឹងជាសាធារណៈស្តីអំពីឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា ឱ្យបានទូលំទូលាយ ។ ទិវានេះផ្តល់នូវឱកាសល្អដល់ក្រុមហ៊ុនធានារ៉ាប់រងដែលមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ធ្វើការណែនាំអំពីក្រុមហ៊ុន និងផលិតផលរបស់ពួកគេ​ជូនដល់សាធារណជនផងដែរ។​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីទិវាធានារ៉ាប់រង នេះថា "គោលបំណងនៃការប្រារព្ធទិវាធានារ៉ាប់រងនៅថ្ងៃនេះគឺ​ ទីមួយ៖ ជាការរម្លឹកថ្ងៃចាប់បដិសន្ធិនៃច្បាប់ស្តីពីការធានារ៉ាប់រង; ទីពីរ៖ ជាការបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញ​ឲ្យមាន​ពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងក្នុង យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល និងទីបី៖ ជាការបង្ហាញដល់សាធារណជនជ្រាបថា ការធានារ៉ាប់រងគឺជាផ្នែកមួយនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលមានតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចជាតិ" ។​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា វិស័យធានារ៉ាប់រង កំពុងក្លាយជាសសរស្តម្ភមួយទៀតនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ហើយវិស័យនេះកំពុងជំរុញឲ្យមានការរីកចម្រើនលើវិស័យជាច្រើនផ្សេងទៀត។

គូសបញ្ជាក់ផងដែរថា ទិវាធានារ៉ាប់រងលើកដំបូងបង្អស់ ដែលរៀបចំត្រូវបានឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងអំពីសេវាធានារ៉ាប់រងឲ្យកាន់តែទូលំទូលាយ ។

លោក អាឡេន ថៃ អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ ខេបមូឌា បានមានប្រសាសន៍ថា៖ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ យើងខ្ញុំក្នុងនាមជា វិនិយោគិនជប៉ុនដែលមានការប្តេជ្ញាចិត្តខ្ពស់ នឹងដំណើរការអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលយូរអង្វែង។ យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជាដូចដែល ដាយ អុិឈិ ឡាយហ្វ៍ តែងតែនិយាយថា: នៅក្បែរអ្នកជានិច្ច។​

អំពី ដាយ អុិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក  ("ដាយ អុិឈិ ឡាយហ្វ៍") គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង ("DLHD") ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៧ ឆ្នាំជាប្រវត្តិសាស្រ្ត។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន "ភាពស្ងប់ចិត្ត" ក្រោមទស្សនរបស់យើង "អតិថិជនជាចម្បង"។ យើងចូលរួមចំណែកជាមួយសហគមន៍ មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។ ក្នុងនាមជាផ្នែកមួយនៃ DLHD ដាយ អុិឈិ ឡាយហ្វ៍ តែងតែនៅក្បែរអតិថិជនរបស់យើងជាប់ជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ដាយ អុិឈិ ឡាយហ្វ៍ មានមោទនភាពក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិតដែលមិនធ្លាប់មានពីមុនមកដល់ប្រជាជនកម្ពុជា ជាមួយនឹងផលិតផលប្រកបដោយភាពឆ្នៃប្រឌិតដល់អតិថិជនយើងមានដូចជា៖ DL EduPro និង DL LoanSecure។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023 955 666 និងវេបសាយៈ www.dai-ichilife.com.kh