ដាយ អុិឈិ ឡាយហ្វ៍ សម្ពោធជាផ្លូវការផលិតផលថ្មី SMARTCare Medical ជាគម្រោងបន្ថែមដែលផ្តល់សំណងលើថ្លៃព្យាបាលសុខភាព។ ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជនកម្ពុជា។
នៅកម្ពុជា ទីផ្សារធានារ៉ាប់រងនៅថ្មីនៅឡើយ ដោយក្រុមគ្រួសារជាច្រើនជួបប្រទះបញ្ហាហិរញ្ញវត្ថុដោយសារការចំណាយលើថ្លៃព្យាបាលជំងឺនានា ហើយការការពារហិរញ្ញវត្ថុនៅមានកម្រិត។ ផលិតផលថ្មីនេះជួយដោះស្រាយបញ្ហាមួយនេះដោយផ្តល់នូវការការពារហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដោយធានាថាក្រុមគ្រួសារមិនទទួលរងបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរនៅពេលមានបញ្ហាសុខភាព។
លោក Mah Kin Yoong អគ្គនាយកនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ផលិតផល SMARTCare Medical ឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង ក្នុងការផ្តល់ជូនអតិថិជនលើសពីសេវាធានារ៉ាប់រងអាយុជីវិត ពោលគឺ យើងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនៅពេលអតិថិជនត្រូវការចំណាយថ្លៃព្យាបាល។ យើងរំពឹងថា ធានារ៉ាប់រងសុខភាពនឹងក្លាយជាចំណែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយផលិតផលថ្មីនេះ គឺជាជំហានដ៏សំខាន់ក្នុងការប្រែក្លាយទស្សនវិស័យមួយនេះឱ្យក្លាយជាការពិត។»
លោកបានបន្ថែមថា៖ «យើងក៏មានមោទនភាពដែលផលិតផលថ្មីនេះគាំទ្រដល់គោលដៅរបស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងការបង្កើនអត្រាភាគទានសេដ្ឋកិច្ចឱ្យកើនដល់២% គិតត្រឹមឆ្នាំ២០៣០។»
កម្មវិធីសម្ពោធនេះមានកិត្តយសដោយមានការចូលរួមពីលោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ លោកស្រីផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការសម្ពោធផលិតផលថ្មីនេះ ដោយបានមានប្រសាសន៍ថា៖ «គម្រោង SMARTCare Medical បង្ហាញពីការច្នៃប្រឌិតថ្មីដែលនិយ័តករតែងតែលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនទាំងអស់។ នេះជាដំណោះស្រាយដែលងាយក្នុងការទទួលបាន និងសមស្របទៅតាមតម្រូវការផ្សេងៗរបស់អតិថិជន។
លោកស្រីបានបន្ថែមថា៖ «គ្រប់ផលិតផលថ្មីទាំងអស់សុទ្ធសឹងតែរួមចំណែកដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សំណាញ់ការពារហិរញ្ញវត្ថុជូនក្រុមគ្រួសារនៅកម្ពុជា។»














