Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

  

ដាយ អុិឈិ ឡាយហ្វ៍ បានបរិច្ចាគសួនកម្សាន្តកុមារទៅកាន់មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល។ ការបរិច្ចាគនេះគឺក្នុងគោលបំណងបង្កើតកន្លែងកម្សាន្តមួយដែលផ្តល់បរិយាកាសរីករាយ និងគាំទ្រដល់សុខុមាលភាពកុមារដែលទៅព្យាបាលនៅមន្ទីរពេទ្យ។

កម្មវិធីប្រគល់សួនកម្សាន្តកុមារនេះមានកិត្តិយសដោយមានវត្តមានរបស់ លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុននៅកម្ពុជា លោកវេជ្ជបណ្ឌិត Hideto Yoshioka ស្ថាបនិកនៃអង្គការបេះដូងជប៉ុន លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំង២។

  

ជាមួយនឹងការប្តេជ្ញាចិត្តគាំទ្រដល់សុខភាព និងសុខុមាលភាពក្នុងសហគមន៍ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សង្ឃឹមថាសួនកម្សាន្តកុមារថ្មីនេះនឹងក្លាយជាកន្លែងមួយដែលអាចជួយសម្រាលភាពតានតឹង សម្រាប់កុមារដែលកំពុងទទួលការព្យាបាល។ ជាការពិត ការព្យាបាលនិងការថែទាំតាមបែបវេជ្ជសាស្រ្តពិតជាសំខាន់សម្រាប់សុខភាពរាងកាយ ដោយឡែកការគាំទ្រដល់ផ្នែកអារម្មណ៍ក៏សំខាន់ដូចគ្នាដែរ។ សម្រាប់កុមារតូចៗ ការកម្សាន្តជាផ្នែកមួយសំខាន់ដែលអាចជួយពន្លឿនការព្យាបាលរបស់ពួកគាត់។

តាំងពីបង្កើតឡើងនៅកម្ពុជា អង្គការបេះដូងជប៉ុន បានផ្តល់ការព្យាបាលជូនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង១៤,០០០នាក់។ ក្នុងនោះអ្នកជំងឺប្រហែល២,៩០០នាក់ជាកុមារ។ បច្ចុប្បន្ន អង្គការបេះដូងជប៉ុន បានពង្រីកសាខាទៅកាន់ខេត្តកណ្ដាល ដែលអាចឱ្យមន្ទីរពេទ្យគាំទ្រដល់សហគមន៍កាន់តែច្រើនបន្ថែមទៀត ជាមួយនឹងគុណភាពសេវាកម្មប្រកបដោយស្តង់ដារ និងការយកចិត្តទុកដាក់ខ្ពស់។

លោកវេជ្ជបណ្ឌិត Hideto Yoshioka ស្ថាបនិកនៃអង្គការបេះដូងជប៉ុន មានប្រសាសន៍ថា៖ «ទស្សនវិស័យរបស់យើង គឺដើម្បីបង្កើតកន្លែងមួយដែលកុមារមានអារម្មណ៍ថាមិនរុញរានឹងមកមន្ទីរពេទ្យ ហើយក្លាយជាស្ថាប័នគំរូមួយក្នុងការថែទាំសុខភាពកុមារនៅតំបន់អាស៊ី។ អ្វីដែលយើងផ្ដល់តម្លៃខ្លាំងបំផុត គឺការបង្កើតបរិយាកាសនៅក្នុងមន្ទីរពេទ្យឱ្យកុមារមានអារម្មណ៍ថាដូចបរិយាការនៅខាងក្រៅដែរ ពោលគឺគាត់មានអារម្មណ៍ថាសុវត្ថិភាព អាចសប្បាយរីករាយដូចជីវិតគាត់ប្រចាំថ្ងៃ។»

លោកបានបន្ថែមថា៖«កន្លែងក្មេងលេងពីក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នេះនឹងផ្តល់ឱ្យកុមារនូវកន្លែងសម្រាប់កម្សាន្តលំហែអារម្មណ៍ ព្រោះសម្រាប់កុមារ ការលេងគឺជាផ្នែកមួយនៃជីវិតរបស់ពួកគាត់។ ថ្វីត្បិតតែយើងជាមន្ទីរពេទ្យក៏ដោយ ក៏ប្អូនៗកុមារអាចរត់លេងបានយ៉ាងរីករាយ។ យើងសង្ឃឹមថា ទិដ្ឋភាពដែលកុមារលេងសប្បាយនឹងក្លាយជាផ្នែកមួយនៃទិដ្ឋភាពនៅមន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃ។»

ដាយ អុិឈិ ឡាយហ្វ៍ មានកិត្តិយសហការជាមួយអង្គការបេះដូងជប៉ុន ជាស្ថាប័នជប៉ុនដែលប្តេជ្ញាចិត្តលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ដែលបង្ហាញពីគោលបំណងចម្បងរបស់ក្រុមហ៊ុនគឺ «សហការជាមួយលោកអ្នកដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព»។ ហើយនេះក៏ជាការប្តេជ្ញាចិត្តរបស់ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការបន្តគាំទ្រដល់ក្រុមគ្រួសារនៅកម្ពុជា តាមរយៈដំណោះស្រាយការពារហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមផ្សេងៗដែលគាំទ្រដល់សុខភាពសហគមន៍។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «តាំងពីឆ្នាំ ២០១៩មក យើងមានកិត្តិយសដែលបានគាំទ្រអង្គការបេះដូងជប៉ុន ដើម្បីជួយកុមារជាច្រើនឱ្យទទួលបានការព្យាបាលប្រកបដោយគុណភាព។ នៅពេលលឺថាកុមារជាង ២,៩០០នាក់បានសម្រាកព្យាបាលកន្លងមក យើងពិតជាស្ងើចសរសើរដល់មន្ទីរពេទ្យ។ ហើយសមិទ្ធផលនេះក៏បានរំលឹកយើងថា ការរួមចំណែកគាំទ្រ មិនថាតិចក្តី ឬច្រើនក្តី សុទ្ធតែមានន័យសម្រាប់សហគមន៍ដែលត្រូវការជំនួយ។ តាមរយៈសួនកម្សាន្តកុមារនេះ យើងសង្ឃឹមថានឹងអាចផ្តល់ឱ្យកុមារតូចៗនូវបរិយាកាសសប្បាយរីករាយ ជាពិសេសប្អូនៗដែលកំពុងតែប្រឈមមុខនឹងការព្យាបាលដ៏លំបាក។»

  ការបរិច្ចាគនេះបង្ហាញពីភាពជាដៃគូយូរអង្វែងរវាង ដាយ អុិឈិ ឡាយហ្វ៍ និងអង្គការបេះដូងជប៉ុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានគាំទ្រមន្ទីរពេទ្យតាមរយៈការបរិច្ចាគឧបករណ៍វេជ្ជសាស្រ្ត ថវិកា ការគាំទ្រដល់កម្មវិធីវះកាត់កុមារ ការផ្តល់ស្បៀងអាហារ និងការបរិច្ចាគឈាម -ល-។ ការផ្តល់ជូនទាំងអស់នេះគឺដើម្បីធានាថាកុមារកាន់តែច្រើននៅក្នុងសហគមន៍ទទួលបានសេវាសុខាភិបាលឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។