ជាផ្នែកមួយនៃកម្មវិធីថ្លែងអំណរគុណនេះ ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំវេទិកាសុខភាពដែលមានវត្តមានវេជ្ជបណ្ឌិតជំនាញមកពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យនាគទេព។ វេទិកាសុខភាពនេះផ្តោតលើការចែករំលែកអំពីសុខភាពបេះដូង ជំងឺដាច់សសៃឈាមខួរក្បាល ការបង្ការ និងទម្លាប់រស់នៅល្អៗដើម្បីឱ្យអតិថិជនយល់ដឹងពីវិធីសាស្រ្តថែទាំសុខភាពសម្រាប់ខ្លួនឯង និងក្រុមគ្រួសារជាទីស្រឡាញ់។
បន្ទាប់ពីបានរៀបចំវេទិកាសុខភាពដ៏ជោគជ័យនៅទីក្រុងភ្នំពេញកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុនក៏បាននាំយកកម្មវិធីដ៏ពិសេសនេះទៅកាន់អតិថិជននៅឯខេត្តសៀមរាប។
ការរៀបចំវេទិកាសុខភាពនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការលើកកម្ពសើសុខភាព និងសុខុមាលភាពរបស់សហគមន៍ ជាពិសេសគឺផ្សាភ្ជាប់ជាមួយនឹងការសម្ពោធផលិតផលធានារ៉ាប់រងសុខភាពថ្មី និងដំបូងបង្អស់របស់ក្រុមហ៊ុនដែលមានឈ្មោះថា គម្រោង «SMARTCare Medical»។ ជាមួយនឹងគម្រោងធានារ៉ាប់រងសុខភាពថ្មីនេះ ក្រុមហ៊ុនផ្តល់ជូនទាំងការការពារហិរញ្ញវត្ថុ និងការបង្កើនការទទួលបានចំណេះដឹងផ្នែកសុខភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់អតិថិជននាពេលបច្ចុប្បន្ន ព្រោះសុខភាព និងសុខុមាលភាពជាផ្នែកមួយសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ដាយ អុិឈិ ឡាយហ្វ៍ ក៏បានដាក់សម្ពោធជាផ្លូវការនូវកម្មវិធីផ្តល់អត្ថប្រយោជន៍បន្ថែមដែលហៅថា «Omotenashi VIP» ជាកម្មវិធីពិសេសផ្តល់ការបញ្ចុះតម្លៃលើសេវាកម្មជាច្រើនសម្រាប់អតិថិជនរបស់ ដាយ អុិឈិ ឡាយហ្វ៍។
គំនិតផ្តួចផ្តើមទាំងនេះក៏ឆ្លុះបញ្ចាំងអំពីគោលបំណងរបស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប គឺការផ្តល់ជូនអតិថិជនលើសពីការការពារហិរញ្ញវត្ថុ។ ពោលគឺការដែលក្រុមហ៊ុន មិនត្រឹមតែជួយអតិថិជនឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពមិនប្រាកដប្រជានៅក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រោមជ្រែងដល់សុខុមាលភាពអតិថិជនថែមទៀតផង។